
ក្រោយប្រកាសពីព័ត៌មានមួយចំនួនស្ដីពីរថយន្ត Ford Ranger ឆ្នាំ ២០១៩ កាលពីពេលកន្លងមក ពេលនេះ ក្រុមហ៊ុន Ford ប្រចាំកម្ពុជា បានបង្ហើបពីរូបរាង និងលក្ខណៈសម្បត្តិមួយរបស់រថយន្តស៊េរីថ្មីនេះ ជូនអ្នកគាំទ្រខ្លួនក្នុងប្រទេសកម្ពុជាហើយ។
តាមរយៈរូបភាព រថយន្ត Ford Ranger ឆ្នាំ 2019 បានរចនារូបរាងខាងមុខថ្មីទាំងស្រុង រួមមានប៉ាណា និងកាងខាងមុខរចនាគួរឲ្យទាក់ទាញ ចង្កៀងមុខនិងចង្កៀងពិលកាងមុខបានកែច្នៃជាថ្មីយ៉ាងស្រស់ស្អាត ចង្កៀងគុជ HID Headlamp ភ្លឺច្បាស់ល្អ និងចង្កៀង LED បំភ្លឺនៅពេលថ្ងៃដ៏ស្រស់ស្អាត បានផ្តល់នូវភាពទាក់ទាញសម្រាប់រថយន្តនេះនៅពេលបើកបរនៅលើដងផ្លូវ និងមានហ្វាកូដអូតូដែលអាចទម្លាក់ហ្វាកូដដោយស្វ័យប្រវត្តិនៅពេលមានរថយន្តមកពីខាងមុខ ។

លើសពីនេះទៅទៀតរថយន្ត Ford Ranger 2019 ជាកំពូលរថយន្ត Pick Up ដែលបានធ្វើការវិវត្តន៍នូវបច្ចេកវិទ្យាថ្មីៗជាច្រើន ក្នុងនោះដែរបច្ចេកវិទ្យាសំខាន់ៗដែលត្រូវបានបំពាក់នៅលើរថយន្តនេះរួមមាន ការបញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ (Push Button Start) និងប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Assisted Parallel Parking) អាចជួយសម្រួលឲ្យអ្នកបើកបរចូលចតដោយស្វ័យប្រវត្តិដោយដោយគ្រាន់តែធ្វើការអបហ្វ្រាំងតែប៉ុណ្ណោះ។
ក្រៅពីនេះរថយន្ត Ford Ranger 2019 បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពផ្សេងៗដូចជា ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping Alert and Lane Keeping Aid) ជាប្រព័ន្ធមួយដែលអាចផ្តល់ជូនអ្នកបើកបរសម្រាប់ការពារ ចំពោះការចាកចេញពីគន្លងផ្លូវដោយចៃដន្យនៅពេលដែលកំពុងបើកបរក្នុងល្បឿនលឿន។ ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control) អាចឲ្យអ្នកបើកបរធ្វើការកំណត់ទៅលើល្បឿនក៏ដូចជាចម្ងាយចំពោះរថយន្តដែលបើកនៅពីខាងមុខ ដែលបង្កើតឡើងក្នុងគោលបំណងធ្វើយ៉ាងណាបញ្ជៀសអ្នកបើកបរ ឲ្យចៀសផុតពីការបើកបរលើសល្បឿនដែលបានកំណត់។

រថយន្ត Ford Ranger 2019 ក៏មានបំពាក់នូវប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System) និងប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Forward Collision Warning) ប្រព័ន្ធនេះមានទំនាក់ទំនងផ្សារភ្ជាប់ទៅនឹងប្រព័ន្ធកំណត់ល្បឿនរថយន្ត ដែលអាចផ្តល់ឲ្យអ្នកបើកបរធ្វើការពិនិត្យ ពីចន្លោះសុវត្ថិភាពនៃរថយន្តរបស់គាត់នៅក្នុងចម្ងាយសុវត្ថិភាពមួយដោយបញ្ចេញសម្លេងនិងបង្ហាញសញ្ញាគ្រោះថ្នាក់ឲ្យអ្នកបើកបរបានដឹង និងត្រៀមខ្លួនជៀសផុតពីគ្រោះថ្នាក់ដែលមានចំពោះមុខ៕