
ក្រោយក្រុមហ៊ុនស្មាតហ្វូនជាច្រើនកំពុងប្រកួតប្រជែងគ្នាលើសមត្ថភាពកាមេរ៉ាទូរស័ព្ទ ដោយអ្នកខ្លះ អាច Zoom រហូតដល់ 50 ដង ហើយខ្លះ 60 ដង ពេលនេះមានដំណឹងអមដោយរូបភាពបែកធ្លាយមកថា ក្រុមហ៊ុន Nokia ឯណោះវិញ ក៏មិននៅស្ងៀមដែរ ដោយខ្លួនកំពុងញាប់ដៃ ញាប់ជើងអភិវឌ្ឍន៍ស្មាតហ្វូនមួយមានសមត្ថភាពកាមេរ៉ាខ្លាំងយកគំរូបតាម Nokia Lumia 1020 កាលពីជំនាន់មុនរបស់ខ្លួន។
តាមរយៈរូបភាពបែកធ្លាយ ដែលត្រូវបានចុះផ្សាយដោយគេហទំព័រ Gsmarena កាលពីថ្ងៃម្សិលមិញនេះ បានបង្ហាញថា ស្មាតហ្វូនស៊េរីថ្មីមួយនេះ មានឈ្មោះកូដហៅថា “Daredevil” ប៉ុន្តែឈ្មោះផ្លូវការនៅមិនទាន់ដឹងថាមានឈ្មោះអ្វីឲ្យប្រាកដទេ ហើយអ្វីដែលទាក់ទាញបំផុត គឺកាមេរ៉ា ផ្នែកខាងក្រោយមានរាងជារង្វង់ យកទម្រង់ដូច Nokia Lumia 1020 ដែលវាមាន Sensor កាមេរ៉ាចំនួន 2 គ្រាប់ និងភ្លើង Flash LED មួយ។ កាមេរ៉ានេះ វាបានភ្ជាប់មកជាមួយ Sensor ដើមទំហំធំ 48 MP ដោយនៅផ្ទាំងម៉ឺនុយ Camera វាអាចផ្លាស់ប្ដូរ ទៅកាន់ការថតបែប Wide-Angle បាន។ ដោយឡែកទំហំអេក្រង់ មិនត្រូវបានគេបញ្ជាក់ទេ គ្រាន់តែដឹងថា វាប្រើអេក្រង់បែប ដំណក់ទឹកធ្លាក់។
ចំពោះសមត្ថភាពម៉ាស៊ីនវិញ ស្មាតហ្វូនស៊េរីថ្មីមួយនេះ អាចនឹងត្រូវបានបំពាក់ដោយ បន្ទះឈីប Snapdragon 710 ឬ Snapdragon 730 និងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie ចេញពីប្រអប់ស្រាប់។ ក្រៅពីនេះ វាក៏រន្ធដាតកាស 3.5mm រន្ធសាកថ្មប្រភេទ USB Type-C ហើយបន្ថែមនូវប៊ូតុងដ៏ពិសេស សម្រាប់បើកមុខងារ AI នៅខាងឆ្វេងស្មាតហ្វូន ថែមទៀតផង។ យ៉ាងណាមិញ ថ្ងៃដាក់ចេញជាផ្លូវការនៃស្មាតហ្វូននេះ មិនត្រូវបានគេបង្ហើបឲ្យដឹងទេ ប៉ុន្តែបើតាមសន្និដ្ឋាន Nokia អាចនឹងដាក់ចេញនៅចុងឆ្នាំនេះ៕