
កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Sony ប្រចាំប្រទេសជប៉ុន បានធ្វើការប្រកាសចេញនូវសេនស័រ CMOS image sensor ថ្មីបំផុតរបស់ខ្លួន សម្រាប់បំពាក់លើកាមេរ៉ាទូរស័ព្ទស្មាតហ្វូនម៉ូដែលថ្មី ដែលត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុននេះអះអាងថាវាមានសមត្ថភាពក្នុងចាប់យករូបភាពច្បាស់បំផុត បើប្រៀបធៀបនឹងសេនស័រកាមេរ៉ាដែលមានលើទីផ្សារបច្ចុប្បន្ន។
សេនស័រថ្មីនោះ ត្រូវបានក្រុមហ៊ុនឲ្យឈ្មោះថា IMX586 ដែលវាអាចទ្រទ្រង់ជាមួយនឹងកាមេរ៉ាទំហំ 48 មេហ្គាភិចសែល ដែលនឹងត្រូវបានបំពាក់លើស្មាតហ្វូនដំបូងរបស់ខ្លួននៅដើមខែកញ្ញា ឆ្នាំ 2018 ខាងមុខនេះ ។ IMX586 ទ្រទ្រង់ដោយស៊ិនស័រ Quad Bayer 2×2 ភីចសែល ដែលមានន័យថា ស៊ីនស័រនេះ នឹងបញ្ចូលបួនភិចសែលរួមគ្នា ដែលផ្តល់លទ្ធផលស្មើនឹង 12MP ដែលមានទំហំធំ 1,6 μm ភីកសែល។ សម្រាប់រូបភាព និងវីដេអូ អាចនឹងមានកម្រិត Noise តិចតួចនៅពេលដែលថតនៅពេលយប់។
នៅក្នុងអំឡុងពេលថ្ងៃ ឬនៅក្នុងបរិយាកាស ដែលមានពន្លឺល្អគ្រប់គ្រាន់ Grid នឹងវិលត្រឡប់ទៅរកដំណើរការសញ្ញាធម្មតា ដែលអាចចាប់យករូបភាព ក្នុងទំហំ 48 មេហ្គាភិចសែលជាមួយនឹងពេលវេលាជាក់ស្តែងតែម្តង។ អ្វីដែលសំខាន់នោះ គឺអ្នកស្នងតំណែងរបស់ Sensor ទំហំ 40MP ដែលមាននៅខាងក្នុង Huawei P20 Pro ដែលមានបំពាក់ Quad Bayer ផងដែរ។
សម្រាប់ទូរស័ព្ទដំបូងដែលមានកាមេរ៉ា 48 មេហ្គាភិចសែល ទំនងជាទូរស័ព្ទ Xperia XZ3 ដែលត្រូវបានគេរំពឹងទុកថា នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ IFA 2018 ស្របពេលដែលមានពាក្យចចាមអារ៉ាមមួយចំនួន បានលើកឡើងថា ស្មាតហ្វូនេះ មានការរៀបចំដូចគ្នា នឹងទូរស័ព្ទ Xperia XZ2 Premium អញ្ចឹង៕