
ខេត្តសៀមរាប៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែសីហា បានលើកឡើងថា ក្រសួងនឹងប្រើប្រាស់បច្ចេកទេស ដើម្បីបង្កើនសមត្ថភាពបន្សុទ្ធទឹកកខ្វក់ឲ្យបានច្រើនទ្វេដង និងបូបភក់បាតអាង ដើម្បីផលិតជាជីសរីរាង្គ នៅខេត្តសៀមរាប។
ការថ្លែងនេះ ក្នុងអំឡុងពេលលោកបានដឹកនាំគណៈប្រតិភូ និងមន្ត្រីជំនាញចុះពិនិត្យស្ថានភាពស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ និងការគ្រប់គ្រង និងអភិវឌ្ឍបណ្ដាញប្រព័ន្ធលូទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីគណៈប្រតិភូក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូប។
ការពិនិត្យស្ថានភាពស្ថានីយប្រព្រឹត្តិកម្ម និងបណ្ដាញលូទឹកកខ្វក់នេះ ធ្វើឡើងដើម្បីពិនិត្យស្ថានភាព និងសមត្ថភាពជាក់ស្ដែងរបស់អាងដែលមានស្រាប់ ធៀបនឹងទំហំបរិមាណទឹកកខ្វក់ដែលបញ្ចេញចោលពីប្រភពនានានៅក្នុងខេត្តសៀមរាប សំដៅពង្រីកសមត្ថភាពជាបណ្ដើរៗតាមផែនការ ដែលបានសិក្សារួច តាមរយៈការស្វែងរកក្រុមហ៊ុន ឬដៃគូអភិវឌ្ឍ ក្នុងការអភិវឌ្ឍវិស័យនេះ។
លោកទេសរដ្ឋមន្ត្រីបានថ្លែងថា ក្រសួងមានទីតាំង និងទំហំដីគ្រប់គ្រាន់ក្នុងការគ្រប់គ្រងកាកសំណល់ទឹកកខ្វក់ទាំងនេះ។ ជាក់ស្ដែង ក្រសួងមានទំហំផ្ទៃដីនៅភាគខាងលិចក្រុងចំនួន ៣៨ ហិចតា ដែលបានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់រួចលើទំហំផ្ទៃដី២០ហិចតា។ ចំណែក ផ្ទៃដីបម្រុងនៅភាគខាងកើតក្រុងមានចំនួនប្រមាណជាង ៥០ហិចតា។
លើសពីនេះទៅទៀត ក្រសួងនឹងប្រើប្រាស់បច្ចេកទេស ដើម្បីបង្កើនសមត្ថភាពបន្សុទ្ធទឹកកខ្វក់ឱ្យបានច្រើនជាងនេះទ្វេដង និងបូបភក់បាតអាងដើម្បីផលិតជាជីសរីរាង្គផងដែរ។
លោកថា ក្រសួងបានសហការជាមួយក្រុមហ៊ុន និងដៃគូអភិវឌ្ឍដូចជាធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ក៏ដូចជាក្រុមហ៊ុនឯកជនមួយចំនួន សិក្សាផែនការមេប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ និងទឹកភ្លៀងនៅទូទាំងខេត្តសៀមរាប ដើម្បីរក្សាបាននូវបរិស្ថានល្អ និងការពារការជន់លិចលង់ដោយសារទំនន់ទឹកភ្លៀង។
សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តនេះមានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់មួយកន្លែង ដែលបច្ចុប្បន្នសមត្ថភាពច្រោះកាកសំណល់ទឹកកខ្វក់ចំនួន៨.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងមានម៉ាស៊ីនបូបទឹកកខ្វក់ចំនួន៣ កន្លែង ពោលគឺម៉ាស៊ីនមេមួយកន្លែង និងម៉ាស៊ីនរងចំនួន២ ដែលមានសមត្ថភាពបូបទឹក ៥៦.៣៨៦ម៉ែត្រគូបក្នុងមួយថ្ងៃ។
លើសពីនេះ បណ្ដាញលូគ្រប់គ្រងទឹកភ្លៀង និងទឹកកខ្វក់ជាច្រើនគីឡូម៉ែត្រត្រូវបានសាងសង់រួច ព្រមទាំងបានតភ្ជាប់បណ្ដាញលូទឹកកខ្វក់ពីលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ ចូលទៅក្នុងបណ្ដាញលូមេបានមួយចំនួន។
ទោះបីសមត្ថភាពផ្ទុកទឹកកខ្វក់បច្ចុប្បន្ន នៅមានកម្រិតក្ដី ក្រសួងមានផែនការមេរបស់ខ្លួន ដោយបង្កើនសមត្ថភាពច្រោះទឹកកខ្វក់ឱ្យដល់ពី៥០.០០០ម៉ែត្រគូប ទៅ ៨០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃនៅឆ្នាំ២០៤០ ដោយអនុវត្តតាមផែនការរយៈពេលខ្លី មធ្យម និងវែង ដូចបានកំណត់នៅក្នុងផែនការមេ៕