
ភ្នំពេញ៖ ភាគីពាក់ព័ន្ធបានបើកកិច្ចប្រជុំពិភាក្សាស្ដីពីប្រាក់ឈ្នួលអប្បបរមាជាលើកទី២ ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការធ្វើជាមូលដ្ឋានសម្រាប់ពិភាក្សាស្វែងរកយន្តការកុងសង់ស៊ីស (ឯកភាព)មួយដែលនឹងលើកយកមកពិភាក្សាគ្នានៅចុងសប្តាហ៍នេះ។
ក្រោយចប់កិច្ចប្រជុំនៅថ្ងៃទី៣ ខែកញ្ញានេះ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កិច្ចប្រជុំនេះបានប្តូរជារូបភាពត្រីភាគី ទៅជាកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចាប់ពីពេលនេះរហូតដល់ថ្ងៃទី៦ ខែកញ្ញាខាងមុខ ហើយគ្រប់ភាគីនឹងមកជួបប្រជុំគ្នាឡើងវិញ ដើម្បីពិភាក្សាស្វែងរកយន្តការមួយដើម្បីពិភាក្សាឈានទៅរកចំណុចមួយដែលគ្រប់ភាគីអាចទទួលយកបាន។
លោក ហេង សួរ បញ្ជាក់ថា ឆ្លងតាមរយៈកិច្ចប្រជុំពេញមួយនេះ បើទោះជាភាគីសហជីព និងនយោជក មិនទាន់បានបង្ហាញតួលេខណាមួយក៏ដោយ ប៉ុន្តែគ្រប់ភាគី ហាក់ដូចជាបានដឹងអំពីនិន្នាការក្នុងតំបន់ ក៏ដូចជាលក្ខណវិនិច្ឆ័យមួយចំនួន។
លោកបន្ដថា នៅពេលនេះពួកគេកំពុងតែស្ទាបស្ទង់ ដើម្បីរកចំណុចឯកភាពផ្ទៃក្នុងជាមុនសិន សម្រាប់បង្ហាញទៅភាគីម្ខាងទៀត។ ដូច្នេះបានជា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រេចទុកលទ្ធភាព ឬពេលវេលាឲ្យភាគីនីមួយៗសម្រេចផ្ទៃក្នុងតាមរយៈការពិភាក្សាគ្នាឲ្យបានយល់ជាមុនសិន ធ្វើយ៉ាងណាឲ្យភាគីម្ខាងទៀតអាចទទួលយកបាន។
លោករដ្ឋលេខាធិការ បានអះអាងថា កិច្ចប្រជុំថ្ងៃនេះភាគីទាំងពីរ មានការឆ្លើយឆ្លងគ្នាជាវិជ្ជមាន ដោយផ្តោតទៅលើតួលេខនិងផលប៉ះពាល់នៃការប្រែប្រួលលក្ខណវិនិច្ឆ័យនីមួយៗ ច្រើនជាងឆ្លងឆ្លើយ រវាងភាគីកម្មករនិយោជិត ទៅនយោជក៕