បែកធ្លាយថា Nokia ក៏មានគម្រោងដាក់ចេញស្មាតហ្វូនប្រើអេក្រង់បត់នឹងគេដែរ

បរទេស៖ បន្ទាប់ពី​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Huawei Samsung និង Motorola ធ្វើការ​ដាក់ចេញ​នូវ​ស្មា​ត​ហ្វូ​ន និង​ថេ​ប្លែ​ត​ប្រើ​អេក្រង់​បត់​រួចមក ថ្មីៗនេះ មាន​ដំណឹង​បែកធ្លាយ​ថា ក្រុមហ៊ុន Nokia ឯណោះ​វិញ ក៏​មិន​នៅ​ស្ងា​ម​ដែរ  ដោយ​ខ្លួន​នឹង​ត្រៀម​ដាក់ចេញ​ស្មា​ត​ហ្វូ​ន​ប្រើ​អេក្រង់​បត់​យក​គំ​រូប​តាម​ទូរស័ព្ទ Nokia 2720 ដែល​ចេញ​កាលពី​ឆ្នាំ 2009 មក​ច្នៃ​ថ្មី​ដោយ​ឈ្មោះថា Nokia 2720 Fold។

តាមរយៈ​ប្រភព បាន​ឲ្យ​ដឹងថា Nokia កំពុងធ្វើការ​យ៉ាងខ្លាំង ដើម្បី​ផលិតផល​ចេញ​ស្មា​ត​ហ្វូ​ន​នេះ ហើយ​វា​នឹង​អាច​បង្ហាញ​វត្ត​មាននៅ​ចុង​ឆ្នាំនេះ។ Nokia 2720 Fold យកគំនិត​ឌី​ហ្សា​ញ​ដូច​ទូរស័ព្ទ Moto Razr មានន័យថា ពេល​បត់​វា មើលទៅ​ដូច​ទូរស័ព្ទ​ម៉ូ​ដែល​ចាស់​មួយ ប៉ុន្តែ​ពេល​យើង​បើក​វា​មក​ប្រើ​វា​ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប ខណៈ​វា​ប្រើ​អេក្រង់ 2 មួយ​ធំ​នៅ​ផ្នែក​ខាងក្នុង និង​មួយ​តូច​នៅ​ផ្នែក​ខាងក្រៅ​សម្រាប់​ផ្ដល់ព័ត៌មានផ្សេងៗ ដូចជា​សារ ការ​ចុច​ទទួល​ទូរស័ព្ទ ទុក​ថតរូប និង​ការកំណត់​ផ្សេងទៀត។

ចំពោះ​លក្ខណៈសម្បត្តិ​បន្ថែមទៀត មិនត្រូវ​បាន​ប្រភព​បង្ហើប​នៅឡើយ​ទេ។ យ៉ាងណាមិញ យើង​ក៏​មិន​ច្បាស់​ដែរ តើ Nokia 2720 Fold អាច​នឹង​បង្ហាញ​ដូច​បានបញ្ជាក់​ខាង ឬ​យ៉ាងណាទេ ខណៈ​ពិភពលោក​កំពុង​រងគ្រោះ​ខ្លាំង​ពី​ជំងឺ​កូ​រីដ 19 បែប​នោះ?