យុវជនមួយក្រុម បែកគំនិតយកគ្រឿងម៉ូតូ​ចាស់ៗមកប​ង្កើតជារូបសម្លាក់នានា និងឈានចូលទៅប្រឡូកក្នុងទី​ផ្សា​រ

ភ្នំពេញ៖ យុវជនមួយក្រុមដែលមានសមាជិកចំនួន ៨នាក់ បាននិងកំពុងយកគ្រឿងបន្លាស់ និងរបស់របរចាស់ៗពីម៉ូតូមកបង្កើតជារូបរាងចម្លាក់សត្វ និងរូបជាលក្ខណៈមនុស្សយន្តជាដើម ដោយពួកគេគ្រោងឈានជើងចូលប្រឡូកក្នុងទីផ្សាររូបចម្លាក់នាពេលឆាប់ៗខាងមុខនេះ។

លោក កង សុធា សហស្ថាបនិកម្នាក់ក្នុងចំណោមស្ថាបនិក៨នាក់ផ្សេងទៀត(OMA Silapak Daek) បានថ្លែងប្រាប់ The Plus News ថា ក្រុមរបស់លោកមានសមាជិកចំនួន ៨នាក់ ដោយពួកគាត់ម្នាក់ៗសុទ្ធតែមានជំនាញផ្សេងៗគ្នា។ ក្នុងចំណោមនោះមានជាងម៉ូតូដែលមានជំនាញស្រាប់ចំនួន ៣នាក់ ដែលពួកគាត់កំពុងប្រកបមុខរបរជាជាងម៉ូតូ ប៉ុន្ដែពួកគាត់បានឆ្លៀតពេលវេលារបស់ខ្លួនមកចូលរួមជាមួយក្រុមលោក។

លោកបន្តថា អាជីវកម្មនេះ ត្រូវបានសមាជិកក្រុមឯកភាពគ្នាដាក់ឈ្មោះថា «OMA SilapakDaek»ដែលមានលក្ខណៈសាកសមប្រភេទអាជីវកម្មនេះ។ លោកថា ចំពោះវត្ថុធាតុដើមដែលត្រូវយកមកផ្សំផ្គុំធ្វើជារូបចម្កាក់នេះ ដោយមានការប្រមូលទិញហាងជួសជុលម៉ូតូមួយចំនួនដែលជាដៃគូរសហការជិតស្និត និងប្រមូលពីទីតាំងប្រមូលទិញអេតចាយមួយចំនួន។

លោក សុធា បញ្ជាក់ថា៖«ក្រុមពួកខ្ញុំនេះ បង្កើតឡើងរយៈពេល ៣ខែហើយ តែឥឡូវនេះយើងកំពុងចាប់ផ្ដើមបណ្ដើរៗ គឺយើងបានធ្វើជាសត្វមួយចំនួនដូចជា សត្វក្អែប ពស់នាគ ខ្យារដំរី កណ្ដូប កន្ទំរុយ និងរួបមួយចំនួនទៀត ហើយជាពិសេសកំពុងផលិតរូបដែលនៅក្នុងភាពយន្តល្បីៗដូចជា Iron man បានចំនួន ៥០ភាគរយហើយ និងកំពុងរៀបចំទីតាំងដាក់តាំងផលិតផលទាំងអស់នេះនៅក្បែរផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល»។

លោកបន្ថែមថា ចំពោះទីផ្សារវិញ ក្រុមលោកកំពុងសម្លឹងមើលតាមហាងល្បីៗ សណ្ឋាគារល្បីៗ និងទីតាំងសាធារណៈមួយចំនួនទៀត ព្រោះពួកគាត់អាចនឹងចាប់អារម្មណ៍ទិញយកទៅដាក់តាំងបង្ហាញលេងកម្សាន្ត ដើម្បីឲ្យភ្ញៀវចូលទស្សនា និងចាប់អារម្មណ៍លើទីតាំងរបស់ពួកគាត់។

លោក អ៊ុំ សីហា សហស្ថាបនិក និងជាជាងម្នាក់នៅចំណោមក្រុមការងារនេះបានថ្លែងថា លោកបានឆ្លៀតពីការផ្ទាល់ខ្លួនមកចូលរួមជាមួយក្រុមនេះ ព្រោះលោកបានការចាប់អារម្មណ៍ខ្លាំងដែលធ្វើការងារជាក្រុមបែបនេះ ដោយឲ្យលោកមានឱកាសរៀនសូត្រពីសមាជិកក្រុម។

លោកបន្តថា លោកបានសិក្សាច្រើនពីពួកគាត់ ហើយកំពុងសិក្សាស្រាវជ្រាវជាច្រើនទាក់ទងការបង្កើតរូបចម្លាក់នេះ។ ក្នុងមួយសប្ដាហ៍លោកបានឆ្លៀតមកធ្វើការជាមួយក្រុមការងារបានមួយថ្ងៃ ដើម្បីបង្កើតរូបចម្លាក់នានាដែលសមាជិកក្រុមបានឯកភាពគ្នា។

លោកបញ្ជាក់ថា៖ខ្ញុំសប្បាយចិត្តដែលបានធ្វើការងារ និងចូលរួមជាមួយក្រុមនេះ ព្រោះយើងមានការសាមគ្គីគ្នាបានល្អ សហការគ្នាជាធ្លុងមួយ។ ពួកខ្ញុំនឹងខំប្រឹងធ្វើរូបចម្លាក់នានាបន្ថែមទៀត តាមការបញ្ជាទិញរបស់អតិថិជន និងប្រឹងប្រែងបន្ថែមទៀតនូវការសិក្សា និងរៀនសូត្រពីបច្ចេកវិទ្យាបន្តទៀត»៕