រដ្ឋាភិបាលគ្មានការដាក់ប្រទេសក្នុងគ្រាអាសន្នដូចការបំផ្លើសនានានោះទេ

សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថាមិនមានការទូលថ្វាយព្រះមហាក្សត្រ សូមព្រះ រាជានុញ្ញាត ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ហើយក៏មិនមានការចេញបញ្ជាឱ្យបិទរាជធានី ភ្នំពេញនោះឡើយ ។

ការចេញមកបញ្ជាក់ របស់ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងកណ្ដាលអាធ្រាត្រដូច្នេះធ្វើឡើងបន្ទាប់ពី មានការចែកចាយពាក្យចចាមអារ៉ាមថាមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្ននិងការបិទរាជធានី ភ្នំពេញជាដើម ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅរំលងអាធ្រាត្រឈានចូលថ្ងៃ ទី ៧ ខែធ្នូ យ៉ាងដូច្នេះថា « ពេញមួយថ្ងៃនេះការបំ ភ្លើសនានាបានកើតឡើងថានឹងមានការបិទប្រទេសឬបិទ រាជធានីភ្នំពេញ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក ។ ចំពោះមុខ ពាក្យភូតកុហកបែបនេះក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំ ដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងមូលឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជាឱ្យ បិទ រាជធានី ភ្នំពេញ ដូច ការឃោសនា ភូត កុ ហក់ របស់ ជន អាក្រក់ នោះ ដែរ » ។

សម្តេច នាយករដ្ឋមន្ត្រី បានអំពាវនាវ ​ប្រជាពលរដ្ឋ​ស្ងប់ស្ងាត់កុំ ភ័យស្លន់ស្លោនិងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ ១ ៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

សូម បញ្ជាក់ថាពាក្យចចាមអារ៉ាមទាំងនេះកើតមានឡើងបន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីក្នុងសារសំឡេងនៅ ព្រឹកថ្ងៃអាទិត្យទី៦ ខែ ធ្នូ ឆ្នាំ ២០២០បានបង្ហាញពីការត្រៀមបម្រុងទុកនូវលិខិតនានា ដើម្បីសុំព្រះរាជក្រឹត្យ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ។ តែក្នុងសារសំឡេងនោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់រួចហើយថាមិនចង់ឈានទៅចំណុចនេះឡើយព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ចនិងជីវភាពប្រជាជនហើយស្នើសុំ ឱ្យមានការចូលរួមពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ ១៩ ជំនួសវិញ ៕