វិស័យសំណង់ខេត្តព្រះសីហនុកើនឡើង៥៨% នៅឆ្នាំ២០១៨ ខណៈទូទាំងប្រទេសធ្លាក់ចុះ១៨%

ភ្នំពេញ៖ វិស័យសំណង់ក្នុងខេត្តព្រះសីហនុ បានកើនឡើងខ្ពស់រហូតដល់៥៨ភាគរយ នៅឆ្នាំ២០១៨នេះ បើធៀបទៅនឹងឆ្នាំ២០១៧ ដែលមានទុនវិនិយោគសរុបរហូតដល់ជាង ១ពាន់លានដុល្លារអាមេរិក ខណៈចំនួនសរុបទូទាំងប្រទេសកម្ពុជាបានធ្លាក់ចុះជាង ១៨ភាគរយ។
លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុបានឲ្យដឹងថា គម្រោងសាងសង់ចំនួន ២៩៧គម្រោង ត្រូវបានពិនិត្យ និងអនុញ្ញាតឲ្យសាងសង់។ គម្រោងសំណង់ទាំងនេះ សាងសង់លើ ១ ៦៦៩ ៥៣៦ គម្រោងម៉ែត្រការ៉េ និងទុនវិនិយោគជាង ១ពាន់លានដុល្លារអាមេរិក។


ប៉ុន្ដែតាមរបាយការណ៍ប្រចាំឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណងបង្ហាញថា ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួន ២ ៨៦៧ គម្រោង ផ្ទៃក្រឡាចំនួន ១១ ៤២៧ ១៩០ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥ ២២៨ ៩៩២ ៥២២ ដុល្លារសហរដ្ឋអាមេរិក បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៧ មានចំនួន ៣ ០៥២ គម្រោង ផ្ទៃក្រឡាចំនួន ១០ ៧៤៦ ២១៩ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៦ ៤២៨ ៧៩៤ ១៧៩ ដុល្លារ មានការថយចុះចំនួន ១៨, ៦៦ភាគរយ។


ចំណែកគម្រោងអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងនៅរាជធានីភ្នំពេញ គិតចាប់ពីអនុវត្តរហូតដល់ឆ្នាំ ២០១៨ មានចំនួន ១ ២១៧អគារ និងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈបុរីគិតពីឆ្នាំ២០០៣ ដល់ឆ្នាំ ២០១៨ មានចំនួន ២៣៥ទីតាំង៕