
ដូចដែលបងប្អូនប្រិយមិត្ត និងមហាជនបានជ្រាបរួចមកហើយថា ថ្ងៃនេះគឺជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្ស លោក នី រតនា ដែលលោកគឺជាអតីតម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី១ ។
ក្នុងពិធីដ៏មានជ័យមង្គលនេះដែរ គឺមានការប្រារព្ធឡើងនូវពិធីទំនៀមទំលាប់ប្រពៃណីរបស់ខ្មែរជាច្រើនកាលពីម្សិលមិញនេះ ដែលមានដូចជា កម្មវិធីសែនកុម៉ា នៅពេលព្រឹក ពិធីក្រុងពាលី និងពិធីសូត្រមន្ត នៅថ្ងៃរសៀល រួមជាមួយពិធីជាវខាន់ស្លា នៅថ្ងៃល្ងាចផងដែរ ។
ជាមួយគ្នានេះដែរ មកដល់ព្រឹកថ្ងៃនេះ ក៏មានកម្មវិធីហែរជំនូន រួមជាមួយនឹងពិធីកាត់សក់ដល់កូនកម្លោះកូនក្រមុំគូស្វាមីភរិយាថ្មោងថ្មីផងដែរ ក្រោមវត្តមានដ៏កិត្តិយសពីកំពូលតារាជើងចាស់អាយៃ និងយីកេ លោកអ៊ុំ ព្រហ្មម៉ាញ ចាប់ដៃគូរជាមួយអ្នកមីង យ៉យ បានអង្រួនក្នុងពិធីនេះ កាន់តែទទួលបាននូវភាពអ៊ូអរ និងរីករាយទៀតផង។ ក្នុងនោះដែរ ក៏នៅមានកម្មវិធីជាច្រើនទៀត ដែលត្រូវបានធ្វេីការរៀបចំជាបន្តបន្ទាប់ បន្ទាប់ពីចប់កម្មវិធីនាពេលព្រឹកនេះផងដែរ ។ ជាពិសេសកម្មវិធីនាពេលល្ងាចនេះ ប្រាកដជាមានអ្វីកាន់តែប្លែក និងអស្ចារ្យ ទៀតហើយ ក្រុមការងារយើងខ្ញុំ នឹងធ្វើការ Update ជាបន្តទៀត សំរាប់ចែកជូនប្រិយមិត្តទស្សនាកម្សាន្តទៀតផងដែរ៕