ក្រុមហ៊ុនចិន ២ ចាប់ដៃគ្នា អភិវឌ្ឍន៍ទីក្រុងថ្មីមួយនៅតំបន់ឧទ្យានជាតិរាម

ព្រះសីហនុ៖ ក្រុមហ៊ុន ចុង​ស៊ី​ង និង​ក្រុមហ៊ុន យិៈ​ចៀ ធូ​រី​ហ្សិ​ម ឌី​វេឡុ​ប​មេន ខម​ភេ​នី​របស់​ចិន នៅ​ថ្ងៃទី ២៤មេសា​នេះ បាន​ចុះ​អនុសារណៈ​ចាប់ដៃគ្នា​វិនិយោគ​អភិវឌ្ឍន៍​ទីក្រុង​មួយ​ថ្មី​ដែល​ដាក់ឈ្មោះថា «ព្រះសីហនុ-ឆ្នេរ​មាស​ឆ្នេរ​ប្រាក់» ប៉ុន្ដែ​មិនទាន់​បញ្ជាក់​ពី​ទំហំ​ទឹកប្រាក់ ដោយ​ប្រើប្រាស់​ផ្ទៃដី៣ ៣០០ហិកតា ស្ថិតក្នុង​តំបន់​ឧទ្យាន​ជាតិ​រាម ខេត្ត​ព្រះសីហនុ។

លោក YANG JIANPING អគ្គនាយក​ក្រុមហ៊ុន យិៈ​ចៀ បាន​ឲ្យ​ដឹង​ក្នុង​ពិធី​ចុះ​អនុសារណៈ នៅ​សណ្ឋាគារ Raffles Hotel ថា ក្រុមហ៊ុន យិៈ​ចៀ ធូ​រី​ហ្សិ​ម ឌី​វេឡុ​ប​មេន ខម​ភេ​នី ជា​ក្រុមហ៊ុន​សម្ព័ន្ធ នៃ​ក្រុមហ៊ុន​យូ​ណាយ អ៊ិន​ធើ​ណេ​សិ​នណល (ខេ​ម​បូ​ឌា) ហ្វ​រេ​ន អ៊ិន​វេស​មេន គ្រុប ខម​ភេ​នី លី​មី​ធី​ត នឹងមាន​ដី​សម្បទាន​សម្រាប់​សាងសង់​ទីក្រុង​ទំហំ៣ ៣០០ហិកតា ស្ថិតក្នុង​តំបន់​ឧទ្យាន​ជាតិ​រាម។

លោក​បន្ដថា ទីក្រុង​ថ្មី​នេះ​នឹងមាន​មជ្ឈមណ្ឌល​ស​ន្និសិទ​អាស៊ីអាគ្នេយ៍​ដ៏​ទំនើប មជ្ឈមណ្ឌល​ថែទាំ​សុខភាព និង​វេជ្ជសាស្ត្រ មជ្ឈមណ្ឌល​ទូទាត់​ប្រាក់​យ័ន​ចិន និង​អន្ត​រកម្ម​ហិរញ្ញវត្ថុ នៅក្នុង​សម័យ 5G អាគារ​មូលដ្ឋានគ្រឹះ​បណ្តុះបណ្តាល ការថែទាំ និង​ផ្នែក​វេជ្ជសាស្ត្រ តាម​អ៊ិន​ធើ​ណេ​ត​សកល, អាគារ​មូលដ្ឋានគ្រឹះ​អប់រំ និង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​អន្តរជាតិ សណ្ឋាគារ​វិស្សមកាល​ជាមួយនឹង​សេវា​ដ៏​ឆ្លាត​វៃ​ជាច្រើន​អគារ។

លោក​បន្តថា ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវបង្កើត​ឡើង​នៅ​ទីក្រុង​ថ្មី​នេះ​រួមមាន ផ្លូវថ្នល់ និង​ប្រព័ន្ធ​បង្ហូរ​ជិត១០០គីឡូម៉ែត្រ ស្ថានីយ​អគ្គិសនី​ជាច្រើន​កន្លែង ខ្សែកាប​ក្រោម​បាតសមុទ្រ និង​ខ្សែ​អុ​ប​ទិ​ក រោងចក្រ​ទឹកស្អាត រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អុយ រោងចក្រ​សំអាត​សំរាម កំពង់ផែ​ទំនិញ កំពង់ទូក​ទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ផ្សេងៗទៀត៕