
ភ្នំពេញ: ក្រុមហ៊ុន Beijing Fushide Investment Management Ltd របស់វិនិយោគិនចិនលំដាប់ពិភពលោក បាននិងកំពុងសម្លឹងរកដៃគូរវិនិយោគដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាស្រាប់ ដើម្បីសហការគ្នាដាំដុះប្រភេទឈើថ្មីមួយ សម្រាប់កែច្នៃនាំចេញទៅកាន់ប្រទេសចិន សហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប។
ការបង្ហាញចំណាប់អារម្មណ៍នេះ នៅថ្ងៃទី២៧ មេសា នៅទីក្រុងប៉េកាំង ក្នុងអំឡុងពេល វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញាតឲ្យប្រធានក្រុមមហ៊ុន Beijing Fushide Investment Management Ltd and East Consulting Management Ltd របស់អ្នកជំនួញចិនចូលសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់ពីឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។
តាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះផ្សាយនៅថ្ងៃទី ២៧មេសានេះថា ប្រធានក្រុមមហ៊ុន Beijing Fushide Investment Management Ltd and East Consulting Management Ltd មានគម្រោងចង់វិនិយោគលើការដាំឈើឡើងវិញ ការកែច្នៃផលិតផលកសិកម្ម ការដាំដុះនៅមុខដំណាំផ្សេងៗ និងការចញ្ចឹមសត្វ ឬចញ្ចឹមត្រី។
លោកបន្តថា ទាំងអស់នេះគឺមានសក្តានុពលក្នុងការវិនិយោគដែលអាចធ្វើការនាំចេញមកប្រទេសចិន ឬទីផ្សារក្នុងប្រទេសអាស៊ាន ក៏ដូចជាទីផ្សារអឺរ៉ុប និងអាមេរិកដែរ។ លោករដ្ឋមន្ត្រីក៏បានអញ្ជើញក្រុមហ៊ុនឲ្យមកប្រទេសកម្ពុជា ដើម្បីសិក្សាឱ្យបានល្អ និងអាចឈានទៅបើកដំណើរការឲ្យបានឆាប់បំផុត។
លោករដ្ឋមន្ត្រីបានលើកឡើងថា ករណីក្រុមហ៊ុនចង់វិនិយោគលើការដាំឈើនេះ គឺក្រុមហ៊ុនត្រូវសហការជាមួយក្រុមហ៊ុនចិនដែលមានដីស្រាប់ ដើម្បីសហការដាំដុះប្រភេទឈើថ្មីនេះ ដើម្បីនាំចេញ ដោយសារពេលនេះកម្ពុជាមិនមានការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៀតទេ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖«ក្រុមហ៊ុនក៏អាចសហការជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីសហការក្នុងការដាំ និងប្រមូលទិញដើមអាកាស្យាផងដែរសម្រាប់ធ្វើការកែច្នៃ»។
លោកប្រធានក្រុមហ៊ុនក៏មានការចាប់អារម្មណ៍លើការដាំកៅស៊ូដែរ ដោយចង់ធ្វើការកែច្នៃជាសំបករថយន្តសម្រាប់នាំចេញ។ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ផ្ទៃដីកៅស៊ូមានប្រមាណ ៤៥ម៉ឺនហិកតា តែតម្លៃកៅស៊ូបច្ចុប្បន្នមានតម្លៃទាប និងមានបញ្ហាច្រើន ដូច្នេះសូមឲ្យក្រុមហ៊ុនទៅទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យពីលទ្ធភាពវិនិយោគ៕