ប្រាសាទកោះកេរខ្មែរ ត្រូវបានរដ្ឋាភិបាលកម្ពុជាស្នើឲ្យអ្នកជំនាញប្រទេសហុងគ្រីជួយជួសជុល

ហុងគ្រី៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន បានស្នើឲ្យនាយករដ្ឋមន្ត្រីប្រទេសហុងគ្រីលោក វីទ័រ អូបេន (Viktor Orban) ជួយ​ជួសជុល «ប្រាសាទកោះកេរ» ដែលស្ថិតក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ខណៈ​ប្រទេសនេះមានបទពិសោធន៍ជួសជុល និងថែរក្សាប្រាសាទបុរាណ។

ការស្នើនេះ ក្នុងអំឡុងជំនួបកំពូលទ្វេភាគីរបស់ប្រមុខរាជរដ្ឋាភិ​បាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី នៅវិមានកាម៉េលីតា ដែលជាវិមានរដ្ឋាភិបាលក្នុងទីក្រុងប៊ុយដាប៉េស នាថ្ងៃទី១៣ ខែមិថុនានៃដំណើរបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់សម្តេច ហ៊ុន សែន នៅប្រទេសហុងគ្រី។

សម្តេច ហ៊ុន សែន ថ្លែងថា កាលដែលស្នើនេះ ដោយសារប្រទេសហុងគ្រីមានបទពិសោធន៍ខ្ពស់ និងធ្លាប់អភិរក្សតំបន់ប្រវត្តិសាស្រ្តបុរាណរបស់ខ្លួនបានយ៉ាងល្អ​។

គួររំលឹកថា ប្រាសាទកោះកេរ មានទីតាំងស្ថិតនៅ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេនខេត្តព្រះវិហារ មានចំងាយ ៧២គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ កោះកេរ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំមកហើយ។ ប្រាសាទនៅតំបន់កោះកេរ្តិ៍ភាគច្រើន ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ក្នុងសតវត្សរ៍ទី១០ (៩២៨-៩៤២)។

លើកពីនេះក្នុងជំនួប ដែលបានចំណាយពេលប្រមាណជិត២ម៉ោង ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរឲ្យកាន់តែខ្ពស់ថែម ពិសេសការជួយគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខណ្ឌទ្វេភាគីពហុភាគីតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា៕