រដ្ឋាភិបាលគ្រោងបង្កើតរោងចក្រផលិតទឹកស្អាតនៅតំបន់បឹងតាមោក១ទៀត ប៉ុន្ដែខ្វះទុនវិនិយោគ

ភ្នំពេញ: ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បានទទួល​គោលការណ៍​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដោយបាន​ដាក់ចេញ​ផែន​ការ​មេ​​មួយ​បន្ថែមទៀត ក្នុងការ​រៀបចំ​សាងសង់​រោច​ចក្រ​ផលិត​ទឹកស្អាត​នៅ​តំបន់​បឹង​តា​មោក ប៉ុន្ដែ​មន្ត្រី​អះអាងថា គ​ម្រោ​ង​នេះ​បាននិងកំពុង​ស្វែងរក​ទុនវិនិយោគ។ នេះ​បើតាម​លោក អ៊ុំ សូ​ថា អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្ម​។

លោក អ៊ុំ សូ​ថា អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែងថា ដើម្បី​ឆ្លើយតប​តាម​សេចក្ដីត្រូវការ​របស់​ប្រជា​ព​លរដ្ឋ​រស់នៅក្នុង​ក្រុង និង​ចំពោះ​អ្នករស់នៅ​តាម​តំបន់ជាយៗរាជធានី​ភ្នំពេញ មន្ត្រី​ជំនាញ​បានដាក់​សំណើរ​ទៅ​រដ្ឋា​ភិ​បា​ល​​សុំ​​តំ​ឡើង​​រោង​ច​ក្រ​​ផលិត​ទឹកស្អាត​មួយ​បន្ថែមទៀត​នៅ​តំបន់​បឹង​តា​មោក។

លោក​បន្តថា រហូតមកដល់​ពេលនេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឯកភាព​តាម​សំណើរ​នេះ ដោយ​ប្រគល់​ដី​មួយចំនួន​នៅ​តំបន់​បឹង​តា​មោក​សម្រាប់​ធ្វើជា​ទីតាំង​សាងសង់​រោងចក្រ ប៉ុន្ដែ​គម្រោង​នេះ កំពុង​ស្ថិតនៅ​ក្នុងការ​ពង្រាង​ទុក​​នៅ​ឡើយ ដោយសារ​ខ្វះ​ទុក​វិនិយោគ។

លោក អ៊ុំ សូ​ថា បញ្ជាក់ថា៖«យើង​បាន​ទទួលបាន​គោលការណ៍​ពី​រដ្ឋាភិបាល និង​ទទួលបាន​ដី ទីតាំង​បឹង​តា​មោក​មួយ​ចំណែក សម្រាប់​បើក​រោងចក្រ​ផលិត​ទឹកស្អាត​មួយកន្លែង​ទៀត ប៉ុន្ដែ​យើង​កំពុង​ស្វែងរក​ទុក​វិនិយោគ។ ដូច្នេះ បញ្ហា​ទុន​វិនិ​យោគ​គឺជា​បញ្ហាសំខាន់​ខ្លាំងណាស់ កំពុង​ត្រូវ​គិតគូរ​រក​ជាបន្ទាន់ យើង​មាន​ទីតាំង​ដី​ហើយ តែ​អត់លុយ គឺ​ដី​នៅ​ជា​តំបន់​លិច​ទឹក​នៅឡើយ»។

លោក​បញ្ជាក់​បន្ថែមថា«យើង​ត្រៀម​ធ្វើ​ទប់​ផ្គត់ផ្គង់​ទឹក​រោច​ក្រ យើង​ដែល​ប្រើប្រាស់​រាល់ថ្ងៃនេះ ហើយ​យើង​ក៏​គិតពី​ចំងា​យ មិនមែន​ដល់ពេល បាន​យើង​គិត​ទេ គឺ​គិត​តាំងពី​ឥឡូវ​ឲ្យ​ហើយ ព្រោះ​យើង​មើល​ជាក់ស្ដែង ឥឡូវ​មាន​គម្រោង​សា​ង​ស​ង់​​អគារ ខន​ដូរ បុរី និងផ្សេងៗទៀត​ជាច្រើន។ អ៊ីចឹង កន្លែង​អស់ហ្នឹង​ច្បាស់​ជាមាន​មនុស្ស​មក​រស់នៅ បើ​គេ​មក​រស់នៅ គឺ​គេ​ត្រូវ​ទឹក​ហើយ​ប្អូន អ៊ីចឹង​យើង​ធ្វើ​វាបណ្ដើរៗឲ្យ​ហើយ»។

បន្ថែម​លើ​គម្រោង​សាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​នេះ លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលាក្រុង​ភ្នំពេញ​ថ្លែងថា បឹង​តា​មោក ក៏​កំពុងស្ថិត​នៅក្នុង​គម្រោង​នៃ​ការបង្កើត​ផ្សារ​ផ្គត់ផ្គង់​បន្លែ និង​ចំណតរថយន្ត​ដែរ។ ដោយ​ជាការ​បន្ថែម​ទី​តាំ​ង​​ផ្សា​របោះ​ដុំ​មួយកន្លែង​ផ្សេងទៀត ដើម្បី​ជួយ​សម្រួល​ដល់​ការប្រកប​អាជីវកម្ម ក៏ដូចជា​កាត់បន្ថយ និង​ឈានដល់​ការ​លុប​បំបាត់​ការរំលោភ​យក​ចិញ្ចើមផ្លូវ ទ្រូងផ្លូវ​សាធារណៈ«មួយវិញទៀត គឺ​ដើម្បី​បង្ការ​ការកកស្ទះ​ចរាចរណ៍ ប៉ះពាល់​ដល់​​បរិស្ថាន សណ្តាប់ ធ្នាប់ និង​អនាម័យ​តាម​ដងផ្លូវ​ដែរ»។

សូមបញ្ជាក់ថា បឹង​តា​មោក ជា​បឹង​ធម្មជាតិ ហើយក៏​ជា​អាង​ស្តុក​ទឹកធំ​បំផុត​នៅ​ភាគ​ខាងលិច​ឆៀង​ខាងជើង​នៃ​រាជធានី​ភ្នំ​ពេញ ខណៈដែល​បច្ចុប្បន្ន​បឹង​មួយចំនួន​ត្រូវបាន​អភិវឌ្ឍ​ទៅជា​ទីក្រុង​រណប។ ជាក់ស្ដែង​ដូចជា បឹងកក់ កំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន ស៊ូ​កា​កូ​អ៊ី​ន (Shukaku Inc) បឹង​ពោងពាយ កំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន លី យ៉ុង​ផាត់ គ្រុប (L.Y.P Group) ជាដើម៕