គម្រោងអភិវឌ្ឍន៍ថ្មីចំនួន ១៨គម្រោង ត្រូវបានរដ្ឋាភិបាលឥណ្ឌាប្រកាសជួយកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាល​ឥណ្ឌា នៅ​ថ្ងៃទី ១៩មិថុនា​នេះ បានប្រកាស​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ថ្មី​ចំនួន ១៨ ក្នុង​ក្របខ័ណ្ឌ កិច្ច​​សហប្រតិបត្តិការ​មេគង្គ-គង្គា សម្រាប់​ឆ្នាំ២០១៩-២០២០ ដើម្បី​ជួយ​អភិវឌ្ឍន៍​កម្ពុជា លើកកម្ពស់​ជីវភាព និង​សុខ​មា​​លភា​ព​របស់​ប្រជាពលរដ្ឋ។

ការប្រកាស​នេះ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​ជំនួយឥតសំណង​របស់​សាធារណរដ្ឋ​ឥ​ណ្ឌា សម្រាប់​ការអនុវត្ត​គម្រោង​ឆាប់​ទទួលបាន​ផល​នៅ​កម្ពុជា​រវាង​លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត​នៃ​សា​ធារ​ណរ​​ដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា និង​លោក លុយ ដា​វីត រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

ក្នុងនោះ បាន​ចុះហត្ថលេខា​លើ​គម្រោង​ចំនួន ៦សម្រាប់​ក្រសួងសុខាភិបាល ៤គម្រោង ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រ​សួ​ង​​ធនធានទឹក និង​ឧតុនិយម​មាន ២គម្រោង ក្រសួង​ប្រៃ​យស៍​នី និង​ទូ​គមនាគមន៍​មាន ២គម្រោង ក្រសួង​កិច្ច​ការ​នារី​២​គ​ម្រោង ក្រសួងបរិស្ថាន​មាន១គម្រោង និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មាន១គម្រោង។

លោក លុយ ដា​វីត រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែងថា គម្រោង​ខ្នាតតូច​ទាំ​ង​នេះ​​មាន​សារៈសំខាន់​ចំពោះ​កម្ពុជា ក្នុងការ​បង្កើត​លទ្ធផល​រូបី ដើម្បី​លើកកម្ពស់​ជីវភាព និង​សុខមាលភាព​របស់​ប្រ​​ជាជ​ន​​កម្ពុជា។

លោក​បន្តថា សមិទ្ធផល​ជាក់ស្តែង​មួយ ដែល​បានកើត​ចេញពី​កិច្ចសហប្រតិបត្តិការ​នេះ​គឺ “សារមន្ទីរ​វាយនភ័ណ្ឌ​ប្រ​ពៃ​ណី​​អាស៊ី” ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ២០១៤ នៅ​ខេត្តសៀមរាប ប្រទេស​កម្ពុជា។ សារមន្ទីរ​នេះ ជាការ​បង្ហា​ញ​យ៉ាងច្បាស់​លាស់​អំពី​សក្តានុពល​នៃ​កិច្ចសហប្រតិបត្តិការ ក្នុងចំណោម​បណ្តា​ប្រទេស​មេគង្គ-គង្គា​ទាំង៦ ក្នុងការ​ថែរក្សា​អារ្យធម៌ និង​កេរ្តិ៍ដំណែល​វប្បធម៌។

គួររំលឹកថា សាធារណរដ្ឋ​ឥណ្ឌា គឺជា​ប្រទេស​ដំបូង​គេ​បង្អស់ ដែល​បាន​យល់ព្រម​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​មេគង្គ ក្នុង​ការបង្កើត​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​ដំបូង​គេ ដែល​បច្ចុប្បន្ន ហៅថា «កិច្ចសហប្រតិបត្តិការ​មេគង្គ-គង្គា​»​។

ក្នុងនោះ ចាប់តាំងពី​ការចាប់ផ្តើម​គម្រោង​ឆាប់​ទទួលបាន​ផល ក្រោម​កិច្ចសហប្រតិបត្តិការ​មេគង្គ-គង្គា នៅ​ឆ្នាំ២០១៥ មក កម្ពុជា​ទទួលបាន​គម្រោង​សរុប​ចំនួន ៣៤ ដែលមាន​វិសាលភាព​គ្របដណ្តប់ លើ​សកម្មភាព​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ សុខាភិបាល កសិកម្ម អប់រំ បរិស្ថាន ការអភិវឌ្ឍ​ជំនាញ ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី ការអភិវឌ្ឍ​ជនបទ ធនធានទឹក និង​បច្ចេកទេស​ព័ត៌មានវិទ្យា៕